អតីតយុទ្ធជនស្រុកកំពង់ស្វាយមួយគ្រួសារបានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេ

អតីតយុទ្ធជនស្រុកកំពង់ស្វាយមួយគ្រួសារបានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេ

7 វិច្ឆិកា 2025
1 នាទីអាន

នៅរសៀលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាង អ.ន.ក ខេត្តកំពង់ធំ អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក ប្រធានអ.ន.ក ស្រុកកំពង់ស្វាយ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ភូមិ ឃុំ ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិរបស់គ្រួសារអតីតយុទ្ធជនដែលបានចូលនិវត្តន៍ មានដីតែ មិនមានជម្រករស់នៅសមរម្យ ស្ថិតននៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 


អតីតយុទ្ធជនដែលទទួលបានអំណោយផ្ទះថ្មីខាងលើនេះ មានឈ្មោះលោក និល សំណាង អាយុ ៥៩ឆ្នាំ មានឋានន្តរសក្ដិអនុសេនីយ៍ឯក។ លោកបានរៀបរាប់ថា នៅឆ្នាំ១៩៨៣ លោកធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅអង្គភាពយោធភាគទី៤ ខេត្តសៀមរាប ហើយនៅឆ្នាំ ២០០៨ លោកក៏ត្រូវបានចូលនិវត្តន៍ពីការងារ។ លោកមានភរិយាឈ្មោះ ទឹម ណារី មានកូន និងចៅចំនួន ៥នាក់ នៅក្នុងបន្ទុក។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិងង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ។ ផ្ទះថ្មីនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ 


នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ  និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក និល សំណាងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះផងដែរ ។


ជាមួយគ្នានេះដែរ លោក អ៊ុត វណ្ណរ៉ា  អភិបាលស្រុក ប្រធានអ.ន.ក ស្រុកកំពង់ស្វាយ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះថ្មីមួយខ្នងទៀត ដែលគិតមកទល់ពេលនេះ ផ្ទះសរុបចំនួន ៦៦ ខ្នង រួចមកហើយ ត្រូវបានសាងសង់ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនៅនៅក្នុងខេត្តកំពង់ធំ៕

ចែករំលែកអត្ថបទនេះ