អតីតយុទ្ធជនពិការដោយសារសង្គ្រាមមួយគ្រួសារក្នុងក្រុងស្ទឹងសែនទទួលអំណោយផ្ទះថ្មីពីសម្ដេចតេជោ និងសម្ដេចធិបតី

អតីតយុទ្ធជនពិការដោយសារសង្គ្រាមមួយគ្រួសារក្នុងក្រុងស្ទឹងសែនទទួលអំណោយផ្ទះថ្មីពីសម្ដេចតេជោ និងសម្ដេចធិបតី

30 តុលា 2025
1 នាទីអាន

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះប្រគល់ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិរបស់អតីតយុទ្ធជនពិការដោយសារសង្គ្រាមមួយគ្រួសារ ដែលមានដីតែមានជម្រករស់នៅមិនសមរម្យ ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ឃុំឈូក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 

អតីតយុទ្ធជនពិការខាងលើឈ្មោះ សុិន សុផន អាយុ ៦៧ ឆ្នាំ មានឋានន្តរសក្ដិពលបាលឯក បានរៀបរាប់ថា លោកធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ នៅអតីតអង្គភាពវរសេនាតូចលេខ៣០ យោធាខេត្តកំពង់ធំ ហើយបានត្រូវរបួសនៅក្នុងសមរភូមិស្រុកស្ទោង នៅឆ្នាំ១៩៩១ បណ្តាលឲ្យពិការជេីង និងដងខ្លួន។ លោកមានភរិយាឈ្មោះ ស៊ុន ថារី អាយុ ៦៦ ឆ្នាំ មានកូន និងចៅចំនួន ៨នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដោយកូនជាអ្នកជួយដោះស្រាយស្បៀងអាហារហូបចុកប្រចាំថ្ងៃ រួមជាមួយប្រាក់បៀវត្សរ៍របស់គាត់ប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ហើយលោកមានជីវភាព ខ្វះខាតដោយសារមានជំងឺរាំរ៉ៃប្រចាំថ្ងៃផងដែរ។ 


ក្នុងឱកាសអញ្ជើញចុះប្រគល់ផ្ទះថ្មីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សាងសង់ពីសសរបេតុង គ្រោងឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ តកូនតចៅ រស់នៅបានសមរម្យជារៀងរហូត។ 


នាឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក សុិន សុផន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។


ជាមួយគ្នានោះ លោក ពេញ កែម អភិបាលក្រុង និងជាប្រធាន អ.ន.ក ក្រុងស្ទឹងសែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយផ្ទះថ្មីមួយខ្នងជូនគ្រួសារអតីតយុទ្ធជនពិការមួយគ្រួសារខាងលើនេះ។ គួរជម្រាបជូនថា ផ្ទះដែលអតីតយុទ្ធជនពិការ សុិន សុផន ទទួលបាននាពេលនេះ គឺជាខ្នងផ្ទះទី ២៨ ហើយ ដែលសម្ដេចតេជោ និងសម្ដេចធិបតី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

ចែករំលែកអត្ថបទនេះ