សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (ស.អ.ក.)

ការប្តេជ្ញាចិត្តមិនរង្គោះរង្គើក្នុងការផ្តល់កិត្តិយសចំពោះការលះបង់ និងលើកកម្ពស់ជីវភាពរស់នៅរបស់វីរអតីតយុទ្ធជន និងគ្រួសារ។

ថ្នាក់ដឹកនាំ ស.អ.ក. នៅវិមានឈ្នះឈ្នះ

ប្រវត្តិនៃការបង្កើតសមាគម

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (ស.អ.ក.) បានចាប់បដិសន្ធិ និងបានបើកមហាសន្និបាតតំណាងសមាគមទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះបានធ្វើឱ្យសាធារណមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនអបអរសាទរយ៉ាងខ្លាំង។ ឆ្លើយតបនឹងសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសេចក្តីសម្រេចលេខ ៣១ ស.ស.រ បានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំជា "ទិវាអតីតយុទ្ធជនកម្ពុជា"។

ក្រោយមក មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២ បានប្រព្រឹត្តទៅនាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដើម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំរបស់សមាគមឱ្យស្របទៅនឹងភាពការណ៍ថ្មី។

គោលបំណង និងសកម្មភាពរបស់ ស.អ.ក.

មូលដ្ឋានគ្រឹះដែលដឹកនាំរាល់សកម្មភាព និងការសម្រេចចិត្តរបស់យើង។

លើកកម្ពស់កិតិ្តយសឲ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះបុព្វហេតុប្រទេសជាតិ។

ការពារសិទ្ធិ ផលប្រយោជន៍ និងលើកស្ទួយកម្រិតជីវភាពអតីតយុទ្ធជន។

បង្កើតស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងឋានៈជាសមាជិករបស់ ស.អ.ក. ពេលជួបការលំបាកគ្រោះថ្នាក់ មរណភាព ដោយមិនប្រកាន់ប្រភពដើម សាសនា និន្នាការនយោបាយ និងឋានៈក្នុងសង្គមឡើយ។

"សន្តិភាព និងការអភិវឌ្ឍដែលយើងមានសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់របស់វីរអតីតយុទ្ធជនយើង។ យើងទាំងអស់គ្នាមានកាតព្វកិច្ចមិនត្រូវបំភ្លេចគុណបំណាច់របស់ពួកគាត់ឡើយ។"

— សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សមាជិកភាពនៃ ស.អ.ក.

សមាជិករបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាមានបីប្រភេទដូចខាងក្រោម៖

សមាជិកកិត្តិយស

សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឧកញ៉ា ឥស្សរជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់បុព្វហេតុការពារជាតិ និងការអភិវឌ្ឍអតីតយុទ្ធជន។

សមាជិកសកម្ម

អតីតយុទ្ធជន ដែលជានិវត្តជន ជនពិការ ជនបាត់បង់សមត្ថភាពការងារ យោធិនរំសាយ និងមន្រ្តីបុគ្គលិកអង្គភាពកំចាត់មីន។

សមាជិកអកម្ម

គ្រួសារអតីតយុទ្ធជនពលី មរណៈ ដែលស្ថិតក្នុងការគ្រប់គ្រង និងមានឈ្មោះជាម្ចាស់សៀវភៅរបបគោលនយោបាយដែលបើកផ្ដល់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កំណត់សម្គាល់៖

អតីតយុទ្ធជន៖ នៅក្នុងលក្ខន្តិកៈនេះសំដៅដល់ជនទាំងឡាយណាដែលធ្លាប់បានបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ហើយបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់។

គ្រួសារអតីតយុទ្ធជន៖ សំដៅដល់ ឪពុក ម្តាយ ឬអ្នកអាណាព្យាបាល ប្រពន្ធ ឬប្តី និងកូនបង្កើតរបស់អតីតយុទ្ធជន។

ចូលរួមបន្តបេសកកម្មដ៏ថ្លៃថ្លានេះជាមួយយើង

ការគាំទ្ររបស់លោកអ្នក គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយដល់វីរអតីតយុទ្ធជនរបស់យើង។