Decorative Underlay Decorative Background Decorative Foreground

សាវតារសមាគមអតីតយុទ្ធជនកម្ពុជា

សមាគមអតីតយុទ្ធជនកម្ពុជា សរសេរជាអក្សរកាត់ ស.អ.ក. និងសរសេរជាអក្សរអង់គ្លេស CAMBODIA VETERAN ASSOCIATION (C.V.A) ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជា ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនទូទាំងប្រទេសអបអរសាទរ។ ក្រោយមកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ បានប្រព្រឹត្តទៅនាថ្ងៃទី ០១-០២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដើម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំឲ្យស្របទៅ នឹងសភាពការថ្មី។

សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក បិតាសន្តិភាពនៃកម្ពុជា គឺជាវរជនឆ្នើម ដែលបានលះបង់គ្រប់បែបយ៉ាង និងបានយកជីវិតធ្វើជាដើមទុន ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជន បានរួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។ តាមរយៈការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ដោយបានពន្លត់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ បាននាំមកនូវពន្លឺសន្តិភាពក្រាលគ្របលើដែនសុវណ្ណភូមិ ប្រជាជនរស់នៅដោយសុខសុវត្ថិភាពពេញបរិបូរណ៍ ទទួលបានឯកភាពទឹកដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអតីតយុទ្ធជនក្នុងជម្លោះបានធ្វើសមាហរណកម្មមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។

អតីតយុទ្ធជន ជាវីរជនមានគុណបំណាច់ខ្ពស់ចំពោះជាតិ និងប្រជាជន តាមរយៈការរួមចំណែកក្នុងចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ក្លាហានប្រយុទ្ធតទល់នឹងខ្មាំងសត្រូវ និងបានចូលរួមស្វែងរកសន្តិភាព កសាងជាតិ និងការពារបូរណភាពទឹកដីប្រឆាំងអំពើឈ្លានពានពីបរទេស។ តាមរយៈគុណបំណាច់ដ៏ធំធេងនេះ រាជរដ្ឋាភិបាល និងសង្គមជាតិ បានយកចិត្តទុកដាក់ផ្តល់កិត្តិយស ផ្តល់របបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។ ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិង ប្រជាជន រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ ទិវាអតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា។ ក្រៅពីការរំឭកដល់វីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់ អាវុធ ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយ ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។

សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ជាស្ថាបនិកដែលបានផ្ដួចផ្ដើមបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ហើយសម្ដេចក៏ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាពេញមួយជីវិត ដើម្បីជាម្លប់ និងដឹកនាំសមាគមដើម្បីលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជនកម្ពុជា ឱ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា៕