ឯកឧត្តម អ៊ុក ឃ្នួច នាំយកថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារសពវីរកងទ័ព ក្នុងខេត្តឧត្តរមានជ័យ 

ឯកឧត្តម អ៊ុក ឃ្នួច នាំយកថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារសពវីរកងទ័ព ក្នុងខេត្តឧត្តរមានជ័យ 

12 ធ្នូ 2025
1 នាទីអាន

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក. និងក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកថវិកា និងសាររំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រួសារសព អនុសេនីយ៍ឯក ណេម ង៉ុយ យោធិន នៃតំបន់ប្រតិបត្តិការសឹងរងខេត្តឧត្តរមានជ័យ ជាយុទ្ធជនពលីនៅប្រាសាទតាក្របី។

សាររំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងថា អនុសេនីយ៍ឯក ណេម ង៉ុយ យោធិន នៃតំបន់ប្រតិបត្តិការសឹងរងខេត្តឧត្តរមានជ័យ បានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក៏ដូចជានាយទាហាន នាយទាហានរង នៃពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការរងឧត្តរមានជ័យ យោធភូមិភាគទី៤ កងទ័ពជើងគោក សម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាង ជ្រាលជ្រៅ ព្រោះការបាត់បង់វីរកម្លាំងទាំងពីរ គឺជាការបាត់បង់កូន និងស្វាមី ដែល ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្ដមចំពោះឪពុកម្តាយ និងភរិយា ហើយក៏ជាការបាត់បង់នូវយោធិន នគរបាលដ៏អង់អាច ក្លាហាន នៃកងយោធពលខេមរភូមិន្ទ ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃយើង។

សារលិខិតរំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ណេម ង៉ុយ យោធិន នៃតំបន់ប្រតិបត្តិការសឹងរងខេត្តឧត្តរមានជ័យ សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុក ឃ្នួច បានប្រគល់ថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារនៃសពចំនួន ៨០លានរៀល៕

ចែករំលែកអត្ថបទនេះ