លោក អ៊ុក ស៊ីវុត្ថា បាននាំយកអំណោយជូនកងទ័ព ចំណុះយោធភូមិភាគទី៥
13 ធ្នូ 2025
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគ្រួសារសពវីរកងទ័ពចំនួន ៣រូប ដើម្បីរំលែកមរណទុក្ខចំពោះមរណភាពរបស់វីរកងទ័ព ដែលបានធ្វើពលីកម្មជូនជាតិមាតុភូមិ។
មរណភាពវីរកងកម្លាំងទាំង៣រូប រួមមាន វរសេនីយ៍ត្រី ចាន់ ម៉ាប់ យោធិន នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤, អនុសេនីយ៍ត្រី លឹម ថា កងទ័ព ចំណុះ កងពលធំអន្តរាគមន៍លេខ២, នាយចំណង់ រ៉ា ទី កងទ័ព ចំណុះ កងពលធំអន្តរាគមន៍លេខ២។
ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអានសាររំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចធិបតី ពិតជាមានសេចក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងថាវីរកងទ័ពទាំង៣រូប បានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ កងទ័ពជើងគោក និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលធំអន្តរាគមន៍លេខ២ សូមសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាង ជ្រាលជ្រៅ ព្រោះការបាត់បង់វីរកម្លាំងទាំងពីរ គឺជាការបាត់បង់កូន និងស្វាមី ដែល ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្ដមចំពោះឪពុកម្តាយ និងភរិយា ហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាច ក្លាហាន នៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃយើង។
សារលិខិតរំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំង៣រូប សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានប្រគល់ថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារនៃសព ដោយក្នុងមួយគ្រួសារសពទទួលបានចំនួន ៨០លានរៀល និងព្រមទាំងបានប្រគល់ថវិកាជូនគ្រួសារ ដែលជាប្រជាពលរដ្ឋស៊ីវិលចំនួន ២រូបបានបាត់បង់ជីវិត ដោយក្នុងមួយគ្រួសារសពទទួលបានចំនួន ៤០លានរៀល៕
13 ធ្នូ 2025
12 ធ្នូ 2025
11 ធ្នូ 2025