អតីតយុទ្ធជនស្រុកសណ្ដាន់ ខេត្តកំពង់ធំថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចធិបតី ដែលបានផ្តល់ផ្ទះថ្មី

អតីតយុទ្ធជនស្រុកសណ្ដាន់ ខេត្តកំពង់ធំថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចធិបតី ដែលបានផ្តល់ផ្ទះថ្មី

4 ធ្នូ 2025
1 នាទីអាន

នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនដែលគាត់មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិជរ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក សុក រ៉េន អាយុ ៧៥ ឆ្នាំ មានឋានន្តរសក្ដិ ព្រិន្ទបាលទោ បានរៀបរាប់ថា លោកធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៧៩ នៅអង្គភាពស្រុកប្រាសាទសំបូរ យោធាខេត្តកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០០៧ ។ លោកមានភរិយាឈ្មោះ សៅ រាយ អាយុ ៦៩ឆ្នាំ និងមានកូននៅក្នុងបន្ទុកចំនួន ២នាក់ រស់នៅក្នុងផ្ទះតូចចង្អៀត ហើយមានជីវភាពលំបាកខ្វះខាត ។

លោក សុិន​ វណ្ណវុឌ្ឍ​ អភិបាល​ស្រុក​ ប្រធាន​សមាគម​អតីត​យុទ្ឋជន​ និង​និវត្តជន​កម្ពុជា​ ស្រុក​សណ្តាន់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្ដល់ផ្ទះថ្មីមួយខ្នង ជូនដល់ក្រុមគ្រួសារគាត់ ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនាពេលនេះ និងគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៨ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមការ​ចង្អុល​ណែនាំ​របស់​ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ សំលៀកបំពាក់ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក សុក រ៉េន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ ។

ចែករំលែកអត្ថបទនេះ