គ្រួសារយុទ្ធជនជួរមុខឈរជើងនៅទិសប្រាសាទតាក្របីនៅខេត្តបាត់ដំបង ទទួលបានផ្ទះ និងដីស្នាក់នៅពីសម្ដេចតេជោ
26 វិច្ឆិកា 2025
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ជាមួយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី និងអាជ្ញាធរមូលដ្ឋានចុះប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិរបស់គ្រួសារអតីតយុទ្ធជនពលីមួយគ្រួសារ មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកស្រី អ៊ុល សុខនី ជាគ្រួសារអតីតយុទ្ធជនពលីបានរៀបរាប់ថា ប្ដីរបស់គាត់ឈ្មោះ ហេង សុភី ធ្លាប់បានចូលបម្រើការក្នុងជួរនគរបាលទីរួមខេត្តកំពង់ធំនៅឆ្នាំ ១៩៩០ ហើយត្រូវបានទទួលមរណភាពដោយរោគាពាធនៅឆ្នាំ២០២២។ បច្ចុប្បន្នលោកស្រី មានអាយុ ៥៧ ឆ្នាំ មានកូន និងចៅចំនួន ៥នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត និងទ្រុឌទ្រោម។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ។ កន្លងទៅនេះ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៩ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត។ ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ក្រៅពីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីខាងលើ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះទៀតផង។
ជាមួយគ្នានោះ លោកស្រី អ៊ុល សុខនី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះថ្មីមួយខ្នងជូនដល់ក្រុមគ្រួសាររបស់គាត់ កំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រកស្នាក់នៅមិនសមរម្យ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ជាន់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
26 វិច្ឆិកា 2025
26 វិច្ឆិកា 2025
25 វិច្ឆិកា 2025