គ្រួសារអតីតយុទ្ធជនពលីនៅស្រុកសន្ទុកមួយគ្រួសារ ទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

គ្រួសារអតីតយុទ្ធជនពលីនៅស្រុកសន្ទុកមួយគ្រួសារ ទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

20 វិច្ឆិកា 2025
1 នាទីអាន

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជាមួយអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះថ្មី ទើបសាងសង់រួចនៅលើដីកម្មសិទ្ធិរបស់គ្រួសារអតីតយុទ្ធជនពលី មានដីតែគ្មានជម្រកស្នាក់នៅសមរម្យមួយគ្រួសារ ស្ថិតនៅភូមិត្រពាំងត្រំ ឃុំទីពោធិ៍ស្រុកសន្ទុក ខេត្តកំពង់ធំ។ 

លោកយាយ សោម សៀម  ជាគ្រួសារអតីតយុទ្ធជនពលីបានរៀបរាប់ថា ប្ដីរបស់គាត់ឈ្មោះ សួន សំ ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីឆ្នាំ ១៩៨៣ ហើយត្រូវបានពលីជីវិតនៅឆ្នាំ១៩៩៥។ បច្ចុប្បន្នលោកយាយ មានអាយុ ៥៦ ឆ្នាំ មានកូន និងចៅចំនួន ៦នាក់ នៅក្នុងបន្ទុក ហើយកន្លងមកគាត់រស់នៅជាមួយកូនចៅនៅក្នុងផ្ទះតូចចង្អៀត។  សព្វថ្ងៃលោកយាយប្រកបមុខរបរដើរស៊ីឈ្នួលដាំឪឡឹកឱ្យគេ ដើម្បីបានប្រាក់មកជួយដោះស្រាយលើការទិញម្ហូបអាហារហូបចុកប្រចាំថ្ងៃក្នុងគ្រួសារ។ 

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីខាងលើទុកជាចំណងដៃតកូនតចៅរស់នៅបានសមរម្យជារៀងរហូត។ 

ក្រៅពីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ហេង ធារ៉ា ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ  និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារពលីខាងលើសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនាពេលនេះផងដែរ។

ជាមួយគ្នានោះដែរ លោក ហេង ធារ៉ា អភិបាលរងស្រុក តំណាងប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះមួយខ្នងថ្មីទៀត ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រកស្នាក់នៅមិនសមរម្យនៅស្រុកសន្ទុក និងគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ជាន់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែកអត្ថបទនេះ