មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាចុងខែកញ្ញានេះ

មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាចុងខែកញ្ញានេះ

18 កញ្ញា 2025
1 នាទីអាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមហាសន្និបាតវិសមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីគណៈជំនាញ តំណាងក្រសួងពាក់ព័ន្ធជាច្រើន ដែលជាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកការងាររៀបចំមហាសន្និបាតដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។ 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់អនុគណៈកម្មការទទួលបន្ទុកទាំងអស់ ដែលបានចូលរួមដឹកនាំ ជាមួយក្រុមការងារក្នុងអនុគណៈកម្មការរបស់ខ្លួន សំដៅធ្វើយ៉ាងណាដើម្បីធ្វើឱ្យដំណើរការមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស អាចប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
  
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជួបសំណេះសំណាលជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានដឹកនាំក្រុមការងារ ព្រមទាំងគណៈកម្មការរៀបចំ ចុះត្រួតពិនិត្យទីតាំងរៀបចំមហាសន្និបាត, និងពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់, និងត្រៀមលក្ខណបច្ចេកទេសមុនថ្ងៃរៀបចំពិធី។ 

សូមជម្រាបជូនថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស រៀបចំឡើងក្នុងគោលបំណងចម្បង៣សំខាន់ៗ រួមមាន៖ ទី១ បូកសរុបលទ្ធផលការងាររយៈពេល ១០ឆ្នាំរបស់សមាគម, ទី២ កែសម្រួលនិមិត្តសញ្ញាសមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្តូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា  និងទី៣ ការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម៕

ចែករំលែកអត្ថបទនេះ