សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

29 កញ្ញា 2025
1 នាទីអាន

សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស  ដែលប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

មានប្រសាសន៍ក្នុងពិធីបើកមហាសន្និបាតខាងលើនេះ សម្តេចតេជោ បានកោតសរសើរចំពោះការខិតខំ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានរៀបចំឱ្យមានមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី៣ នេះឡើង ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹកឃើញ ហើយចងចាំជានិច្ចនូវពលិកម្មដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ ប្រជាជន ព្រមទាំងអ្នកស្នេហាជាតិទាំងឡាយដែលបានលះបង់អាយុជីវិតបូជាសាច់ស្រស់ឈាមស្រស់ សម្រាប់បុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល។ 

អង្គមហាសន្និបាតវិសាមញ្ញបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈ ក្នុងបរិយាកាសសាមគ្គីភាព ភាតរៈភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានអនុម័តជាឯកច្ឆ័ន្ធ នូវរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល១០ឆ្នាំ (២០១៥-២០២៥)  និងទិសដៅអនុវត្តបន្តរបស់សមាគម និងលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានប្ដូរឈ្មោះ «សមាគមអតីតយុទ្ធជនកម្ពុជា» មកជា«សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.» ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម ព្រមទាំងបានពង្រីកសមាជិកភាពរបស់សមាគមគ្របដណ្ដប់ទាំងនិវត្តជន ដែលជាបុគ្គលធ្លាប់បម្រើការងារក្នុងវិស័យសាធារណៈ ហើយបានបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់ ព្រមទាំងបានកំណត់អំពីថ្នាក់ដឹកនាំសមាគមដែលក្នុងនោះ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជាជារៀងរហូត។ 

ក្រោមការដឹកនាំរបស់សម្ដេចតេជោប្រធានសមាគម បានយកចិត្តទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការដាក់បញ្ចូលមន្រ្តីចូលនិវត្តជនន៍មកករួមរស់ក្រោមដំបូលតែមួយនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមិនទុកអតីតយុទ្ធជន និងនិវត្តជនណាម្នាក់ចោល តាមរយៈការជួយឧបត្ថម្ភ  គាំទ្រ ជ្រោមជ្រែង ខាងស្មារតី និងសម្ភារៈ ក៏ដូចជាការការពារភាពសុខដុមរមនាក្នុងសង្គមកម្ពុជា ប្រកបដោយភាពជឿជាក់ និងប្រាកដនិយម ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងនៅក្នុងពិធីបិទមហាសន្និបាត ដោយ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាពសំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារឱ្យប្រកបដោយសុខុដមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍។ កិច្ចការទាំងនោះរួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់ដី សម្បទានសង្គមកិច្ច ការជួយសាងសង់លំនៅដ្ឋាន ការជួយដោះស្រាយជីវភាពចំពោះយោធិន រំសាយ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារពិការ និង គ្រួសារយុទ្ធជនពលី មរណៈ និងអតីត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ ដើម្បីឱ្យពួកគេ មានធនធាន ដីធ្លី លំនៅដ្ឋាន សម្រាប់ប្រកបរបរផ្សេងៗ។

សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក បិតាសន្តិភាពនៃកម្ពុជា គឺជាវរជនឆ្នើម ដែលបានលះបង់គ្រប់បែបយ៉ាង យកជីវិតធ្វើជាដើមទុន ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជន ព្រមទាំងបានរួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

ចែករំលែកអត្ថបទនេះ