គុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន បានរួមចំណែកឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់

គុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន បានរួមចំណែកឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់

27 កញ្ញា 2025
1 នាទីអាន

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម នូ ស៊ីថា។

ពិធីនេះមានការចូលរួមពី ឯកឧត្តម គណៈប្រតិភូ ស.អ.ក, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, តំណាងស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការ, កងកម្លាំង ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។ 

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក៏ដូចជានិវត្តជនដែលដៃម្ខាងជួយកសាងជាតិ និងការពារជាតិ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិមកដល់សព្វថ្ងៃ គឺមានការរួមចំណែកពីអតីតយុទ្ធជន និងនិវត្តជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។

ក្នុងនាម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយមេីលឃេីញពីការរួមចំណែក មិនថាទាំងអតីតយុទ្ធជន និងនិវត្តជន ទេីបសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម សម្រេចបញ្ជូលអតីតយុទ្ធជន និងនិវត្តជន ឱ្យមកក្រោមឆ័ត្រតែមួយ និងដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ ប្រធានសមាគម។ 

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា រាជរដ្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ចទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណាដែលជួបការលំបាក ដេីម្បីផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចសម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសេីរ។ 

ចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

ចែករំលែកអត្ថបទនេះ