ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកក្នុងបុព្វហេតុជាមួយអតីតយុទ្ធជនកម្ពុជា
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានសន្យាថានឹងមកកម្ពុជា នៅក្នុងជំនួបនៅទីក្រុងហ្សាការតា កាលពីខែឧសភាកន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចបានលើកឡើងថាសម្តេចបានសម្រេចក្រាបបង្គំទូលស្នើសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ តែងតាំងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាទីប្រឹក្សារបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា និងសម្តែងនូវក្តីរំពឹងទុកថា ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។
នាឱកាសជំនួបនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានគោរពថ្លែងអំណរគុណ ដឹងគុណ និងជាកិត្តិយស ដែលសម្តេចតេជោ បានផ្តល់ការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម។
ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានជម្រាបជូនសម្តេចអំពីគោលបំណង និងសកម្មភាពការងារនានារបស់ឯកឧត្តម រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរឡើង ដូចឯកឧត្តមបានធ្វើ នៅឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់។ នៅក្នុងបរិបទនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍ និងមគ្គុទេសក៍ដឹកនាំ។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ទទួលយកការតែងតាំងជាទីប្រឹក្សារបស់សម្តេច និងទន្ទឹមគ្នានេះសម្ដេចក៏បានចង្អុលបង្ហាញអំពីវិស័យដែលឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir អាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម ហើយដែលកិច្ចការទាំងនេះគឺមានលក្ខណៈ និងសកម្មភាពស្របទៅនឹងទិសដៅដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បាននិងកំពុងរួមចំណែក។
ផ្សាភ្ជាប់គ្នានេះ សម្តេចតេជោ បានលើកឡើងអំពីប្រវត្តិនិងការតស៊ូដ៏ជូរចត់របស់សម្តេច ក្នុងនាមជាទាហាន ដែលបានជំរុញសម្តេច ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ។ សម្តេចតេជោបានគូសបញ្ជាក់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ ហើយបោះបង់ចោលនោះទេ។ នៅក្នុងន័យនេះ សម្តេចបានស្នើឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។
ក្រៅពីនេះ សម្តេចក៏បានចែករំលែកទស្សនៈវិស័យរបស់សម្តេច បន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលនោះគឺ (១) ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និង (២) ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
នៅចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្តរួមចំណែកបន្ថែមទៀតរបស់ឯកឧត្តម ទៅលើកិច្ចការយុទ្ធជននេះផងដែរ៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025