
អ.ន.ក ស្រុកភ្នំស្រុក នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 តុលា 2025
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារចូលរួមរំលែកទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ,លិខិតរំលែកមរណទុក្ខ, ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពអតីតយុទ្ធជនពិការ ចាន់ ហូយ រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានទទួលមរណភាពដោយរោគាពាធ នាពេលថ្មីៗនេះ ។
តាមការបានបញ្ជាក់របស់អនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឱ្យដឹងថា លោក ចាន់ ហូយ ជាអតីតយុទ្ធជនពិការ អាយុ៧៥ឆ្នាំ មានឋានន្តសក្តិពលបាលឯក ធ្លាប់បំពេញការងារនៅអង្គភាពយោធាទីរួមខេត្ត ហើយបានរងរបួសរហូតដល់ពិការ នៅពេលប្រយុទ្ធជាមួយខ្មាំងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៩៦ ក្នុងសមរភូមិអូរពោធិ ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់លោក ចាន់ ហូយ ដែលជាអតីតយុទ្ធជនពិការ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាមស៊ីវិល ការពារទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ព្រមទាំងបានចូលរួមចំណែកជាប្រតិបត្តិករ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
លើសពីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងអតីយុទ្ធជន កម្ពុជាទូទាំងប្រទេស ដែលផ្តោតសំខាន់លើការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង គិតទាំងការយកចិត្តទុកដាក់ ការសិក្សារៀនសូត្រ ការផ្តល់ការងារសមស្របសម្រាប់កូនចៅអតីតយុទ្ធជន និងនិវត្តជន រួមទាំងការដោះស្រាយដីធ្លី និងផ្ទះសម្បែង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគ្មានដី គ្មានផ្ទះ ពិតប្រាកដផងដែរ៕
រូបភាព អ.ន.ក ខេត្តកំពង់ធំ
13 តុលា 2025
13 តុលា 2025
13 តុលា 2025