ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារការពារសន្តិសុខ រៀបចំមហាសន្និបាតវិសមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារការពារសន្តិសុខ រៀបចំមហាសន្និបាតវិសមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

25 កញ្ញា 2025
1 នាទីអាន

ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាប្រធានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ត្រៀមរៀបចំ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។


កិច្ចប្រជុំត្រួតពិនិត្យផែនការ ការងារសន្តិសុខនេះ  មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ដែលជាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកការងាររៀបចំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ 


ជាមួយគ្នានោះដែរ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់អនុគណៈកម្មការទទួលបន្ទុកទាំងអស់ ដែលបានចូលរួមដឹកនាំ ជាមួយក្រុមការងារក្នុងអនុគណៈកម្មការរបស់ខ្លួន សំដៅធ្វើយ៉ាងណា ដើម្បីធ្វើឱ្យដំណើរការមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស អាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង បានដឹកនាំក្រុមការងារ ព្រមទាំងគណៈកម្មការរៀបចំ ចុះត្រួតពិនិត្យទីតាំងរៀបចំមហាសន្និបាត, និងពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់, និងត្រៀមលក្ខណៈមួយចំនួនបន្ថែមទៀត មុនថ្ងៃរៀបចំពិធីផងដែរ។

ចែករំលែកអត្ថបទនេះ

ព័ត៌មានពាក់ព័ន្ធ