ក្រុមការងារត្រី-វិស័យ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍ «សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង» ខេត្តពោធិ៍សាត់

ក្រុមការងារត្រី-វិស័យ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍ «សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង» ខេត្តពោធិ៍សាត់

12 វិច្ឆិកា 2025
1 នាទីអាន

ឯកឧត្តម ឈឿង គិរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ហើយលោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ដើម្បីត្រៀមអនុវត្តការដាំដុះម្ទេសដំណាក់កាលទីមួយ ដែលនឹងជួយលើកស្ទួយជីវភាព និងផ្តល់ប្រភពចំណូលចម្រុះជូនបងប្អូនអតីតយុទ្ធជនជាសមាជិក ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។


ក្រុមការងារត្រី-វិស័យបានគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនអតីតយុទ្ធជន ជាពិសេសជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំ ការធានាទីផ្សារ និងតម្លៃតាមរយៈការចុះកិច្ចសន្យាលក់ទុកមុន។ 


គួរជម្រាបជូនថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងនេះ បានទទួលការអភិវឌ្ឍន៍រួមតាមរយៈយន្តការត្រី-វិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ) ដែលនឹងបន្តជួយជ្រោមជែងប្រជាកសិករ ដែលជាអតីតយុទ្ធជនទាំងអស់ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប មានការដាំម្ទេស ផលិតកម្មដំណាំបន្លែផ្ទះសំណាញ់ ជាមួយនឹងការចិញ្ចឹមមាន់យកពង និងចិញ្ចឹមយកសាច់ ឱ្យទទួលបានផលប្រយោជន៍ជាច្រើន និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យកាន់តែប្រសើរ៕

ចែករំលែកអត្ថបទនេះ