ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​

ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​

20 កញ្ញា 2025
1 នាទីអាន

ផ្ទះចំនួន​ ៣៥​ ខ្នង​ របស់​បងប្អូនអតីតយុទ្ធជន​ នៅ​លើ​ដី​សម្បទាន​សង្គម​កិច្ច​ ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ។ 

ភ្លៀងបានធ្លាក់ជាប់ៗគ្នាក្នុងរយៈពេល ៤ថ្ងៃ​ បួន​យប់​ កន្លងមកនេះ បណ្ដាលឱ្យផ្ទះក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលិចលង់​រង​ផល​ប៉ះពាល់​ ដោយសារជំនន់ទឹកភ្លៀង មិនអាចហូរតាមប្រព័ន្ធលូ និងប្រឡាយ ដែលមានស្រាប់ទាន់ពេលវេលា បណ្ដាលឲ្យផ្ទះក្រុមគ្រួសារតីតយុទ្ធជនចំនួន ៣៥ខ្នង រងផលប៉ះពាល់ផលដំណាំផ្សេងៗ ដោយជំនន់ទឹកភ្លៀងនេះ ។


ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ចុះត្រួតពិនិត្យ និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជនដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីរកវិធានការរំដោះទឹកចេញឲ្យនបាទាន់ពេលវេលា​កុំឲ្យ​បន្ត​លិច​លង់​ បន្ត​ទៅ​ទៀត​។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លង​មក​ ផ្ទះចំនួន ២០៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសាងសង់ឡើង នៅលើដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងនោះផ្ទះចំនួន ១៤១ខ្នង​ និងដីចំនួន​មួយ​ហិកតា​កន្លះ​ ក្នុង​មួយ​គ្រួសារ​ ត្រូវបានសាងសង់ប្រគល់​ជូនអតីតយុទ្ធជន នៅឆ្នាំ២០២១​ ។   ដោយ​ឡែក​ផ្ទះចំនួន ៦៥ខ្នងទៀត និង​ដីមួយហិកតា​ ក្នុង​មួយ​គ្រួសារ​ ត្រូវ​បានសាងសង់ប្រគល់ជូនក្រុមគ្រួសារតីតយុទ្ធជននៅដើមឆ្នាំ ២០២៥ កន្លងទៅនេះ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ជំនន់ទឹកភ្លៀងដែលកំពុងជន់លិចធ្វើឲ្យរងផលប៉ះពាល់ដំណាំ បន្លែបង្ការផ្សេងៗ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅពេលនេះ មានចំនួន ៣៥ខ្នងផ្ទះ ក្នុងនោះមានចំនួន ១៨ខ្នងផ្ទះ រងផលប៉ះពាល់ខ្លាំង និងចំនួន ១៧ខ្នងផ្ទះទៀត រងផលប៉ះពាល់មធ្យម​ ដែលបានបណ្ដាលឲ្យខូចខាតផលដំណាំរបស់ពួកគាត់ ។ 

ដេីម្បី​ជួយ​សម្រាល​ដល់​ការ​លំបាក​នេះ​ ឧត្ដមសេនីយ៍​ សោម​ ស៊ុន​ ប្រធានសមាគមបតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បាននាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន ដែលកំពុងជួបការលំបាកដោយគ្រោះទឹកជំនន់នេះផងដែរ។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសន្យាថា និង​រាយការណ៍​ជូន​ឯកឧត្ដម​អភិបាល​ខេត្ត​ ប្រធាន​កិត្តិយស​គណៈកម្មាការសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ និងសំណូមពរដល់ស្ថាប័ន មន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ ដើម្បីសម្របសម្រួលជួយកាយប្រឡាយបន្ថែម តាមស្ថានភាពជាក់ស្ដែង ដើម្បីរំដោះទឹកឱ្យហូរបានលឿន ជៀសវាងរងផលប៉ះពាល់បន្ថែមទៀត ដល់ផលដំណាំ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន ។  ព្រមជាមួយនោះក៏បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជន ត្រូវ​ខិតខំថែរក្សាសុខភាព ក្នុងការហូបស្អាត រស់នៅស្អាត និងប្រុងប្រយ័ត្នក្មេងតូចៗ ដែលងាយបណ្ដាលឲ្យរងគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនេះ៕

ចែករំលែកអត្ថបទនេះ