ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនឹងទទួលបានសំណង់ធារាសាស្រ្តធំៗ ២បន្ថែមទៀតក្នុងឆ្នាំ២០២៦ ខាងមុខនេះ
14 វិច្ឆិកា 2025
ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ជាខ្លាំងលើការងារស្ថាបនាផ្លូវ ដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ជាពិសេសការដឹកជញ្ជូនកសិផល និងដំណាំរួមផ្សំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាប្រជាកសិកររស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។
ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា បច្ចុប្បន្នការងារស្ថាបនាផ្លូវដែលបម្រើដល់ការធ្វើដំណើរ និងដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅទីនេះ សរុបមានចំនួន ១៤ខ្សែ ប្រវែង ៥៩,៧៥ គីឡូម៉ែត្រ ដែលស្ថាបនាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។ ឯកឧត្តមបន្តថា ក្រៅពីនេះ ក៏មានការសាងសង់សំណង់សិល្បការ្យចំនួន ៦៨កន្លែងរួមមាន ជញ្ជាំងទប់ដី ប្រព័ន្ធរំដោះទឹក និងសំណង់រូបវន្ត ផ្សេងទៀត ដែលផ្តល់នូវសុវត្ថិភាព ប្រសិទ្ធភាព និងស្ថិរភាពដល់ផ្លូវថ្នល់ ព្រមទាំងជួយជំរុញដល់ការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ពីមុនមកសំណង់សិល្បការ្យនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ពុំទាន់អាចបំពេញតម្រូវការប្រើប្រាស់ជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយ។ទាំងនេះដោយសារតែ បញ្ហាភ្លៀងធ្លាក់ខ្លាំង ប្រព័ន្ធបង្ហូរទឹកក៏មិនអាចហូរបានទាន់ពេលវេលាបណ្ដាលឱ្យមានការជន់លិច បាក់ស្រុតដី បាត់បង់សោភ័ណភាពផ្លូវទៀតផង។ ដើម្បីចូលរួមដោះស្រាយបញ្ហាផ្សេងៗ របស់បងប្អូនអតីតយុទ្ធជនឱ្យទាន់ពេលវេលា ក្រសួងតែងស្ថាបនាដោយគិតគូរពីភាពធន់ ការប្រែប្រួលអាកាសធាតុ ធ្វើយ៉ាងណាបង្កលក្ខណ:ងាយស្រួល និងបម្រើដល់ការប្រើប្រាស់បានយូរអង្វែង ស្របពេលដែលអ្នកភូមិបាននឹងកំពុងអនុវត្តគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងផងដែរ។ ជារួមមានផ្លូវ គឺមានសង្ឃឹម សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
14 វិច្ឆិកា 2025
13 វិច្ឆិកា 2025
10 វិច្ឆិកា 2025