Decorative Underlay Decorative Background Decorative Foreground

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា

ហ៊ុន ម៉ាណែត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាលតែងចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ កន្លងទៅយ៉ាងដូច្នេះថា៖ « រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះយុទ្ធសាស្រ្តបញ្ចកោណទី១ បានផ្ដោតការយកចិត្តទុកដាក់លើកកម្រិតជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈចំណុចអាទិភាពសំខាន់ៗ មួយចំនួន សំដៅដល់ការគិតគូរចំពោះ អតីតយុទ្ធជន ដែលមនគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមាន៖ ការកសាងតំបន់ប្រវត្តិសាស្រ្តយោធា វិមានរឭកគុណ និងស្តូបនយោបាយឈ្នះ ឈ្នះ នៅតាមទីតាំងប្រវត្តិសាស្រ្តជាដើម ដើម្បីជានិមិត្តរូបបញ្ជាក់នូវកត្តញ្ញូវ និងភាពសុខុដុម និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ ដឹងគុណអំពីស្ថាបនិកមគ្គុទេសឯកនៃប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ ទឹកដី ព្រមទាំងចងចាំនូូវគុណូបការៈ ដ៏ថ្លៃថ្លារបស់ យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលធ្វើពលិកម្មប្រកបដោយវីរភាពសម្រាប់ជាតិយើង។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈ ទី១៖ ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបស្តិសុខសង្គមថ្មី និងការគណនាស្របតាមតម្លៃឯកតានៃសន្ទុះបៀវត្សមូលដ្ឋានចន្លោះឆ្នាំ២០០០-២០២៣ ព្រមជាមួួយគ្នានោះក៏បានតម្លើងរបបសន្តិសុខសង្គមប្រចាំខែ ដែលទាបជាង ឬស្មើ ៧៧០ ០០០​រៀល ឱ្យដល់ ៨២៥ ០០០ រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ មក។ ទី២៖ ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥០ ០០០ រៀល នៅតែបន្ត។ ទី៣៖ ការតម្លើងរបបប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុក របស់សពមន្រ្តីរាជការស៊ីវិល និងសពអតីតយុទ្ធជន។ ទី៤៖ ទិន្នន័យអតីតយុទ្ធជន និងក្រុមគ្រួសារត្រួវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវប្រសិទ្ធភាពការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែជូន រៀងរាល់២សប្ដាហ៍ម្ដងរៀងរាលខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ កន្លងមក តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ជាមួយនឹងធនាគារដៃគូ ដែលបើកត្រង់តាម ATM តែម្ដង។ ទី៥៖ រាជរដ្ឋាភិបាលផ្ដល់បណ្ណថែទាំសុខភាព បសស ជូន ជនមានពិការភាព និវត្តជន និងអតីតយុទ្ធជន បាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគារ របស់គ្រួសារជនពលី មរណៈជាអតីតយុទ្ធជន ដើម្បីពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ បសស ដោយមិនបង់ប្រាក់។ ទី៦៖ ចាប់តាំងពីឆ្នាំ២០០៨-២០២៣ ដើម្បីឆ្លើយតបទៅនឹងគុណូបការៈដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជន និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនរាប់ពាន់ខ្នង។ បច្ចុប្បន្នអតីតយុទ្ធជនសរុបចំនួន ១០៩ ០០០ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកជាង ១៤៩ ០០០ នាក់ កំពុងទទួលបានប្រាក់របបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រាក់បៀវត្ដមូលដ្ឋានរបស់មន្រ្តីរាជការកងកម្លាំងប្រាប់អាវុធ។ កិច្ចការទាំងអស់នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ និងបន្តធ្វើ។ » ។

ប្រព័ន្ធបណ្តាញសង្គម