ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី និង ១០លានរៀលចំពោះយោធិនពិការនៅសមរភូមិមុខ

ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី និង ១០លានរៀលចំពោះយោធិនពិការនៅសមរភូមិមុខ

10 ធ្នូ 2025
1 នាទីអាន

ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីណែនាំដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យលុបលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី និង ១០លានរៀលចំពោះយោធិនពិការនៅសមរភូមិមុខ ដើម្បីជួយសម្រាលបន្ទុកដល់យោធិន ដែលបានចូលរួមធ្វើពលិកម្មដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដែលកំពុងរងការប៉ះទង្គិចក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

នៅក្នុងសេចក្ដីណែនាំរបស់ធនាគារជាតិបានបញ្ជាក់ថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលកំពុងឈរជើងដោយផ្ទាល់នៅសមរភូមិមុខ ធនាគារជាតិនៃកម្ពុជាសម្រេចដាក់ចេញនូវសេចក្តីណែនាំដូចខាងក្រោម៖

១.ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកដោយលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។

២. ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន គិតចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ហើយលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។ ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជាសម្រេចឱ្យលុបចោលឥណទានរហូតដល់ ១០ លានរៀល ជូនអតិថិជនជាយោធិនពិការនៅសមរភូមិមុខ និងលុបចោលឥណទានរហូតដល់ ៨០ លានរៀល ជូនអតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលីផងដែរ។

៣. តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំ អតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង

៤. លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាពជាក់ស្តែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ៕

ចែករំលែកអត្ថបទនេះ