នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញទៅ ប្រគល់ផ្ទះចំនួន២០ខ្នងជូនដល់បងប្អូនអតីតយុទ្ធជនខេត្តកំពត
ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ ទី២៣ខែធ្នូ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការ ស អ ក អមដំណើរដោយ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត និងលោកឧកញ៉ា វិញ ហ៊ួរ បានអញ្ជើញទៅ ប្រគល់ផ្ទះចំនួន២០ខ្នងធ្វើពីថ្ម ប្រក់សង្ក័សី ទំហំ៥មX៥ម និងតសំយ៉ាបសង្ក័សី៣ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត និងសាងសង់ដោយឧកញ៉ាវិញ ហួរ ជូនដល់បងប្អូនអតីតយុទ្ធជនខេត្តកំពត ពិធីនេះបានប្រារព្វធ្វេីឡេីងនៅភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ជូនដល់អតីតយុទ្ធជនយើង បន្ទាប់មកឯកឧត្ដម អគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះបងប្អូនយេីងដែលបានទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ៗគ្នា ជាមួយគ្នានោះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនដែលមករស់នៅទីនេះ ត្រូវរក្សាអនាម័យ ដើម្បីបង្ការជំងឺ និងត្រូវចេះថែរក្សាផ្ទះសម្បែងដែលបានទទួល ជាមួយគ្នានោះឯកឧត្តម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ស អ ក បានសំណូមពរអោយឯកឧត្ដម អភិបាលខេត្ត ចាត់តាំងអោយតាមមន្ទីរការិយាល័យជុំវិញខេត្ត ចែកគ្នាជួយឧបត្ថម្ភបងប្អូនយើង ក្នុងដំណាក់កាលដែលពួកគាត់ទើបមកនៅថ្មី។ ក្នុងឱកាសនោះលោកឧកញ៉ា វិញ ហ៊ួរ ក្នុងនាមសម្តេចទាំងពីរ បានឧបត្ថម្ភសម្ភារៈប្រេីប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រេីនជូនបងប្អូនទាំង២០គ្រួសារដែលទទួលបានផ្ទះ និងថវិកាក្នុង១គ្រួសារ ២០ម៉ឺនរៀល និងជូនបងប្អូនអតីតយុទ្ធជនដែលមកចូលរួមក្នុងពិធីនេះចំនួន១០០នាក់ ក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល។ ដោយមានសំណូមពរពី ស អ ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តមទេសរដ្ឋមន្រ្តី បានគោរពស្នេីសុំសម្តេច សាងសង់ផ្ទះមួយខ្នងជូនលោកយាយ យាយ សោម មុំ ជាគ្រួសារអតីតយុទ្ធជន រស់នៅភូមិត្រពាំងក្តា ឃុំស្រែជាខាងត្បូង ស្រុកដងទង់ និងត្រូវបានសម្តេច អនុញ្ញាតអោយសាងសង់ជូន។
បងប្អូនអតីតយុទ្ធជនយើងទាំង២០គ្រួសារ សូមសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ដែលមានជីវភាពខ្វះខាត ផ្តល់ប័ណ្ណ ប ស ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ ពួកគាត់សូមជូនពរអោយសម្តេចទាំងពីរព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ សុខភាពរឹងមាំ បន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត។