ទេសរដ្ឋមន្ត្រី គន់ គីម៖ ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ ជាគុណបំណាច់ត្រូវតែកត់ត្រា និងចងចាំ
(កំពត)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងរំលឹកថា អតីតយុទ្ធជនជាអ្នកបានកសាងនូវគុណបំណាច់យ៉ាងធំធេង ដោយបានធ្វើពលិកកម្មដ៏អង់អាចហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ សម្រាប់បុព្វហេតុមាតុភូមិកម្ពុជា ជាពិសេសការចូលរួមនាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិ។ លោក គន់ គីម ថា គុណបំណាចនេះត្រូវតែកត់ត្រា និងចងចាំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងមនុស្សជំនាន់ថ្មីផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកមានស្នាដៃក្នុងសកម្មភាពការងារគ្រោះមហន្តរាយ នៅសាលាខេត្តកំពត នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត ត្រូវបានប្តូរពីលោកឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន ជំនួសដោយលោកវរៈសេនីយ៍ឯក ហុក ចិន្តា។ ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការពោរពេញដោយភាពស្វាហាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បានរំលឹកពីអតីតកាលរបស់កម្ពុជា ដែលបានរងនូវភាពជូរចត់ដោយសារភ្លើងសង្គ្រាម។ លោក គន់ គីម ក៏បានលើកពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានតស៊ូ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ បង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព និងកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ និយាយដល់ភ្លើងសង្គ្រាមកាលពីអតីតកាលរបស់កម្ពុជានេះ លោក គន់ គីម ក៏បានលើកបង្ហាញពីគុណបំណាច់របស់អតីតយុទ្ធជនកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អតីតយុទ្ធជនជាប្រតិបត្តិករដ៏អង់អាចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបេសកកម្មបញ្ចប់ភ្លើងសង្គ្រាម និងឈានដល់ការបង្រួបបង្រួមជាតិ។ «បងប្អូនអតីតយុទ្ធជនរបស់យើងនេះ គឺអង់អាចក្លាហានណាស់អនុវត្តន៍មិនឱ្យធ្លាក់ដល់ដីឡើយនូវបទបញ្ជា និងផែនការដែលសម្តេចតេជោ លោកបានដាក់ចេញ។ ដូច្នេះបងប្អូនអតីតយុទ្ធជនយើងនេះ គឺគាត់បានចូលរួមយ៉ាងសំខាន់ក្នុងបុព្វហេតុបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវការបង្រួមបង្រួមជាតិ គាត់ជាអ្នកការពារ ជាអ្នកប្រយុទ្ធដ៏អង់អាចមិនឱ្យរបបខ្មែរក្រហមវិលមកវិញ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន។ សម្រាប់លោកទេសរដ្ឋមន្ត្រី [...]