អំពីយើង

ប្រវត្តិនៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា

សមាគមអតីតយុទ្ធជនកម្ពុជា សរសេរជាអក្សរកាត់ “ ស.អ.ក. ” និងសរសេរជាអក្សរអង់គ្លេស Cambodia Veteran Association “ C.V.A ” បាន​ចាប់​បដិសន្ធិ និងបានបើកមហាសន្និបាត​តំណាងសមាគម​អតី​​ត​​​​យុទ្ធជនកម្ពុជា​ទូ​ទាំង​ប្រទេស​លើកទី ១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិ​សាស្រ្ត​មួយ​ដែលពុំធ្លាប់មាននៅកម្ពុជាដែលធ្វើឲ្យសាធារណៈ​មតិ​ជាតិ អន្តរជាតិ និង​​​​អតីត​​​​​​​យុទ្ធជនអបអរសាទរ។ ទិវាអតីតយុទ្ធជនកម្ពុជា​ត្រូវបានរាជ   រដ្ឋាភិ​បាល​កម្ពុជាបានកំណត់យកថ្ងៃទី​២១ ខែមិថុនា ជារ់ៀងរាល់ឆ្នាំ តាម​សេច​ក្តី​សម្រេច​​​លេខ ៣១ ស.ស.រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០០៧។

មហាសន្និបាត​តំណាង​សមា​​​​គ​ម​​​អតីត​យុទ្ធជនកម្ពុជាទូ​​ទាំង​​​​​​ប្រទេស​លើកទី២ បាន​ប្រព្រឹត្តទៅនា​ថ្ងៃទី​០១-០២ ខែកញ្ញា ឆ្នាំ២​០​១​៥ នៅរាជ​ធានី​ភ្នំ​ពេញ ដើ​​​ម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំឲ្យស្របទៅ​នឹងស​ភាព​ការ​ថ្មី។

គោលបំណង និងសកម្មភាពរបស់ ស.អ.ក.

១-លើកកម្ពស់កិតិ្តយសឲ្យ​សក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជន​ចំពោះបុព្វហេតុប្រទេសជាតិ។

២-ការពារសិទ្ធិ ផល​ប្រយោជន៍ និងលើកស្ទួយកម្រិតជីវភាព​អតីត​យុទ្ធ​ជន។

៣-បង្កើតស្មារតីសាមគ្គីជួយគ្នាទៅវិញទៅ​មកក្នុងឋានៈជាសមាជិករបស់ ស.អ.ក. ពេលជួបការលំបាកគ្រោះ​ថ្នាក់ មរណភាព ដោយមិន​ប្រកាន់​​ប្រភព​​ដើម សាសនា និន្នាការនយោបាយ និងឋានៈក្នុង​សង្គម​ឡើយ។

អំពីសមាជិកភាព ស.អ.ក.

សមាជិក ស.អ.ក. មានបីប្រភេទ ៖

១-សមាជិកកិតិ្តយស  :    សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​​​ ឧក​ញ៉ា​​ ឥស្សរជន កង​កម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ  និងសប្បុរសជន ដែល​​​​​​បាន​ឧបត្ថម្ភ​គាំទ្រដល់បុព្វហេតុការពារជាតិ និងការអភិវឌ្ឍ​អតីត​យុទ្ធ​​​ជន។

២-សមាជិកសកម្ម       :    អតីតយុទ្ធជន ដែលជានិវត្តជន ជនពិការ​​​​ ជន​​​បាត់​​​​​​​​បង់សមត្ថភាព​ការ​ងារ យោធិនរំសាយ និងមន្រ្តីបុគ្គលិក​អង្គភាព​កំ​ចា​ត់​​មីន។

៣-សមាជិក​អកម្ម        :    គ្រួសារអតីតយុទ្ធជនពលី មរណៈ ដែលស្ថិតក្នុង​ការ​គ្រប់គ្រង​ និងមានឈ្មោះ​ជាម្ចាស់សៀវភៅរបបគោលនយោបាយដែល​បើក​ផ្ដល់ដោយក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ។

កំណត់សម្គាល់

-ពាក្យថា “ អតីតយុទ្ធជន ” នៅក្នុងលក្ខន្តិកៈនេះសំដៅ​ដល់ជន​ទាំង​ឡាយ​ណាដែលធ្លាប់បានបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ និង​កង​នគរបាលជាតិ ហើយបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់។

-ពាក្យថា “ គ្រួសារអតីតយុទ្ធជន ” សំដៅដល់ ឪពុក ម្តាយ ឬ​​អ្នក​អាណា​​ព្យាបាល ប្រពន្ធ ឬប្តី និងកូនបង្កើតរបស់អតីតយុទ្ធជន។