ទេសរដ្ឋមន្ត្រី គន់ គីម៖ កុលបុត្រខ្មែរត្រូវតែចារឹកក្នុងបេះដូង នូវវីរភាពសម្តេចតេជោ ហ៊ុន សែន សង្គ្រោះជាតិ និងប្រជាជនចេញពីចង្កូមមច្ចុរាជ ប៉ុល ពត

ទេសរដ្ឋមន្ត្រី គន់ គីម៖ កុលបុត្រខ្មែរត្រូវតែចារឹកក្នុងបេះដូង នូវវីរភាពសម្តេចតេជោ ហ៊ុន សែន សង្គ្រោះជាតិ និងប្រជាជនចេញពីចង្កូមមច្ចុរាជ ប៉ុល ពត


(ភ្នំពេញ)៖
 លោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញនូវការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងការចេញដំណើរតស៊ូ ដោយយកជីវិតធ្វើជាដើមទុន ដើម្បីការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីចង្កូមមច្ចុរាជ នៃរបបប្រល័យពូជសាសន៍កាលពី៤៣ឆ្នាំមុន។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានលើកឡើងថា កុលបុត្រខ្មែរគ្រប់រូបគ្រប់ជំនាន់ ត្រូវចារឹកក្នុងបេះដូងជាអមតៈនូវវីរភាពដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាកាលបរិច្ឆេទកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ជាតិកម្ពុជា ដែលយុទ្ធជនស្នេហាជាតិកម្ពុជា៥រូប សម្រេចយកជីវិតធ្វើជាដើមទុនផ្សងនឹងគ្រោះថ្នាក់ និងឧបសគ្គរាប់ម៉ឺនជំពូក ដើម្បីស្វែងរកការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីចង្កូមមច្ចុរាជ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

យុទ្ធជនដ៏អង់អាចក្លាហានទាំង៤រូបនោះ គឺសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន។ ការសម្រេចចិត្តធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះ ធ្វើឱ្យយុទ្ធជនទាំង៥រូប ធ្វើឡើងក្នុងស្ថានភាពផ្លូវចិត្តរងនូវទម្ងន់សែនធ្ងន់មិនអាចគណនា។ ជាពិសេសយុទ្ធជន ហ៊ុន សែន។

ដើម្បីស្វែងរកឱកាសក្នុងការរំដោះអាយុជីវិតជាតិ និងប្រជាជនយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ បានសម្រេចចិត្តចាកចោលភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ខ្លួន ដែលជារឿងដ៏លំបាកបំផុតសម្រាប់បុរសជាស្វាមីពោរពេញដោយស្វាមីភក្តិ និងឪពុកពោរពេញដោយព្រហ្មវិហារធម៌មួយរូបពិបាកនឹងធ្វើ។ ក្រៅតែពីការឃ្លាតឆ្ងាយពីភរិយា និងកូនជាទីស្រឡាញ់ យុទ្ធជន ហ៊ុន សែន ត្រូវរងនូវសម្ពាធផ្លូវចិត្តជាច្រើនទៀត ដោយមិនដឹងថាដំណើរចាកចេញរបស់ខ្លួន នឹងមានលទ្ធផលយ៉ាងណា តើអាចរំដោះជាតិ និងប្រជាជនបានដែរឬអត់? ឬត្រូវរងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារគ្រាប់មីននៅតាមព្រំដែន ឬត្រូវវៀតណាម ចាប់បញ្ជូនឱ្យ ប៉ុល ពត វិញនោះ?

ផ្តើមចេញការហ៊ានលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូប ព្រមទាំងអ្នកស្នេហាជាតិខ្មែរជាច្រើនរូបទៀត បានធ្វើឱ្យអាយុជីវិតជាតិ និងប្រជាជនកម្ពុជាទាំងមូល ត្រូវបានស្រោចស្រង់តាមរយៈការវាយផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឱ្យដួលរលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

សម្រាប់លោក គន់ គីម បានមើលឃើញថា បើគ្មានការសម្រេចចិត្តប្រកបដោយគ្រោះថ្នាក់ និងលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ទេនោះ នៅតែបន្តស្ថិតក្រោមការគ្រប់គ្រងនៃរបបកាប់សម្លាប់ និងបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងរបស់ ប៉ុល ពត។

លោក គន់ គីម បានលើកឡើងបែបនេះ «ច្បាស់ណាស់បើគ្មានការហ៊ានងើបឡើងតស៊ូ និងយកជីវិតទៅផ្សងនឹងគ្រោះថ្នាក់បែបនេះទេ របបប្រល័យពូជសាសន៍ ប៉ុល ពត គ្មានថ្ងៃដួលរលំនោះឡើយ។ បើគ្មានការវាយផ្តួលរំលំទេប្រាកដណាស់ថា របបប្រល័យពូជសាសន៍ ប៉ុល ពត នៅតែមានវត្តមាន ហើយជីវិតពលរដ្ឋខ្មែររាប់លាននាក់នឹងបន្តស្លាប់ ហើយគ្មានថ្ងៃទទួលបានពន្លឺសិទ្ធិសេរីភាពបែបនេះឡើយ»។

ផ្តើមចេញពីការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ព្រមទាំងអ្នកស្នេហាជាតិ ទើបបញ្ចប់នូវរបបកាប់សម្លាប់ បង្អត់អាហារ បំបិទសិទ្ធិសេរីភាពដ៏សែនឃោរឃៅរបស់ ប៉ុល ពត។ ការតស៊ូនេះ ក៏បាននាំមកនូវការបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងផ្តល់ឱកាសសម្រាប់កសាងជាតិ នាំមកនូវវឌ្ឍនភាពជាតិដ៏រុងរឿងដូចពេលបច្ចុប្បន្ន។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចថា គុណបំណាច់នៃសង្គ្រោះជីវិតចេញពីរណ្តៅនរកអវចីរ គឺជាគុណបំណាច់ដ៏ធំធេងបំផុតដែលគ្មានអ្វីអាចមកផ្ទឹម មកវាស់វែង និងអាចកាត់ថ្លៃបាននោះឡើយ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចទៀតថា ឆន្ទៈស្មារតីនៃការលះបង់ពោរពេញដោយភក្តីភាពចំពោះជាតិ និងប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាគំរូវីរភាព និងជាសារគាស់រំលើងសតិកូនខ្មែរគ្រប់រូបឱ្យចងចាំជានិច្ច ដើម្បីបុព្វហេតុជាតិ និងប្រជាជនទោះក្នុងកាលៈទេសៈក៏ដោយ សូម្បីតែជីវិត ក៏ហ៊ានលះបង់។

ជាមួយនឹងការប្រារព្ធនូវទិវាចងចាំនៃដំណើរឆ្ពោះទៅរកការរំដោះជាតិនេះ លោក គន់ គីម សូមឱ្យកុលបុត្រខ្មែរគ្រប់រូបចងចាំ និងចារឹកជាអមតៈទុកក្នុងក្រអៅបេះដូងចំពោះគុណូបការៈ ក៏ដូចជាគំរូវីរភាពដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន៕

Share this post